• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៩ ព្រឹក

ទីបំផុត! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានឡើងដល់ ២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ចំនួន២ដុល្លារ និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ដល់ជូន២ដុល្លារថែមទៀត ពោលគឺប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន២០លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន២ផ្សេងគ្នា គឺតួលេខ២០៤ដុល្លារអាម៉េរិក និង២១៣ដុល្លារអាម៉េរិក, តំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន២០២ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្រ្ត បានកំណត់យកតួលេខចំនួន២០២ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ២០២ដុល្លារអាម៉េរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ ភ្លាមៗនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ជូន២ដុល្លារអាម៉េរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ នឹងកើនដល់២០៤ដុល្លារអាម៉េរិកក្នុងមួយខែ។ ក្រៅពីនេះក៏នៅមានការជួយកាត់បន្ថយការចំណាយ រក្សានិងបង្កើនអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរចំនួន១៥ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន១ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ