• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៧ ព្រឹក

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន៣៥,៨%ហើយ

កំពត៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ លោករដ្ឋលេខាធិការបានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារដូវកាលបុណ្យទានខាងមុខនេះ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ សូមជម្រាបជូនដែរថា៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,៨% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ