• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជដោយឥតគិតថ្លៃដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគម អាចលើកជាសំណើមកកាន់ក្រសួងដើម្បីរៀបចំការបណ្តុះបណ្តាល។ មួយវិញទៀត ក្រសួងការងារ ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។ ជាការឆ្លើយតបលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំពោះបុគ្គលិកគ្រប់កម្រិត។ សម្រាប់ប្រធានសមាគម ការបណ្តុះបណ្តាលនេះ មានសារសំខាន់ក្នុងការពង្រឹងផលិតភាពការងារ និងស្ថាប័នដើម្បីអាចត្រៀមខ្លួនក្នុងការប្រកួតប្រជែង។ យ៉ាងណាក៏ដោយមុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានជំរុញឱ្យសមាគម ណែនាំដល់ក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួនឱ្យបន្តអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលិកឱ្យបាន១០០% ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ