• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៧ ព្រឹក

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បន្តពង្រឹងចំណងជាដៃគូអភិវឌ្ឍ និងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្រ្តចក្រារបស់ក្រសួង

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នាទីស្តីការក្រសួង នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទើបនឹងទទួលបានតំណែងថ្មី ជារដ្ឋមន្រ្តីក្រសួងបរិស្ថានរួចមក លោកស្រីបណ្ឌិត Suwanna Gauntlett បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅក្នុងការបំពេញសកម្មភាពការងារនាពេលកន្លងមក និងបានស្នើជូនឯកឧត្តមរដ្ឋមន្រ្តីឱ្យជួយសម្របសម្រួល និងជំរុញការអនុវត្តច្បាប់គ្រប់គ្រងតំបន់ការពារ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិត ក្នុងកិច្ចសហការ និងភាពជាដៃគូអភិវឌ្ឍកន្លងមក ហើយឯកឧត្តមក៏បានថ្លែងប្រាប់ ស្តីពីយុទ្ធសាស្រ្តចក្រា ដែលក្រសួងបាននិងកំពុងអនុវត្តនៅក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ ដែលរួមមានយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកនៅតាមសាលារៀន ហើយកំពុងបន្តទៅតាមបណ្តារោងចក្រផ្សេងៗ លើសពីនេះ ការផ្តល់ដើមឈើចំនួនជាង ១លានដើម ជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញឱ្យមានក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់ ដែលអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានពីក្រុមហ៊ុនវិនិយោគទាំងនោះ ដូចជាជំរុញឱ្យប្រជាពលរដ្ឋដាំឬស្សី ហើយលក់ឬស្សីឱ្យក្រុមហ៊ុនយកទៅកែច្នៃ ធ្វើជាគ្រឿងសង្ហារឹមជាដើម។ លើសពីនេះក្រសួងក៏បានជំរុញឱ្យមានការដាំដុះដំណាំហូបផ្លែ ដាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយការធ្វើបែបនេះជាលទ្ធផល ប្រជាពលរដ្ឋមិនចូលព្រៃរកអនុផលព្រៃឈើដូចមុន ក៏ពួកគេអាចមានហូបចុក និងជីវភាពល្អប្រសើរផងដែរ ។ លោកស្រីបណ្ឌិត Suwanna Gauntlett បានសម្តែងមោទនភាពចំពោះលទ្ធផល ដែលសម្រេចបានលឿន និងឆាប់រហ័សនេះ ចំពោះលោកស្រីបណ្ឌិតផ្ទាល់ នឹងបន្តជាដៃគូអភិវឌ្ឍជាមួយក្រសួងបរិស្ថានបន្តទៀត ហើយនឹងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្រ្តចក្រារបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ