• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥១ ព្រឹក

ទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានជាង ៩ពាន់លានដុល្លារ ៧ខែឆ្នាំនេះ

គិតត្រឹមរយៈពេល៧ខែ ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិន សម្រេចបានប្រមាណជាង ៩ពាន់លានដុល្លារហើយ។នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ ពុធ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ។ ដោយឡែក ទើបតែរយៈពេល ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងដល់ជាង ៩ ពាន់លានដុល្លារទៅហើយ។

ជាមួយគ្នានេះ សម្តេច បានស្នើឱ្យភាគីចិនជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើងទៅដល់ ១៥ពាន់លានដុល្លារ។ ដោយយោងហេតុផល ទី១. យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២. ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ និងទី៣. យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសិប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

លើសពីនេះទៀត សម្តេចតេជោ ក៏បានស្នើចិន បន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ សម្ដេច ក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ លោក វ៉ាង យី គាំទ្រការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត។ លោកថា ចិន នឹងព្យាយាមជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ