• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៣ ព្រឹក

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជំងឺហ្ស៊ីកាដំបូង នៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណ ជន ឱ្យបានជ្រាបថា មានករណីជំងឺហ្ស៊ីកា ចំនួន១ករណី កើតលើកុមារី អាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែក ស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥ នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យ បានព្យាបាល កុមារី បានធូរស្បើយ លែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មក លទ្ធផលបង្ហាញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។ ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា វីរុសហ្ស៊ិកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។

ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លា ដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លង តាមការរួមភេទ ជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះ មាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវ រាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកា ឆ្លងពីម្តាយទៅកូន ក្នុងអំឡុងមានផ្ទៃពោះ និងនៅពេល សម្រាល។ វីរុសហ្ស៊ីកា ជាធម្មតា បណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាល មិនធ្ងន់ធ្ងរទេ ដែលចេញរោគ សញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ ត្រូវបានខាំដោយសត្វមូសខ្លា ដែលផ្ទុកវីរុស ហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជា គ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហម លើស្បែក អ្នកខ្លះទៀត អាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំង ជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតា អាចជាសះស្បើយ ក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់ មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះ មិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុត ដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារក អាចតូចជាងធម្មតា។ ជំងឺហ្ស៊ីកា មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ និងថែទាំទៅតាមរោគសញ្ញអ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាក និងពិសាទឹក ឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់ និងគ្រុនក្តៅ ដោយប្រើថ្នាំ បញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញា កាន់តែធ្ងន់ធ្ងរ សូមស្វែងរកការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យ គឺតាមរយៈមន្ទីរពិសោធន៍ នៅក្នុងប្រទេស កម្ពុជា៖ មន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើតេស្តរកវីរុសហ្ស៊ីកាបាន។

បច្ចុប្បន្ន មិនមានវ៉ាក់សាំង ដែលអាចប្រើសម្រាប់ បង្ការជំងឺនេះ នៅឡើយទេ។ ក្រសួងសុខាភិបាល សូមប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមាន ការពារខ្លួនកុំមូសខ្លាខាំ ស្តី្រដែលមានផ្ទៃពោះ ឬមានផែនការ នឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់ រឹតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្ត បានដោយ៖ បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យ សម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់ នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬអាងស្តុកទឹក ។ ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណា គ្របដណ្ដប់ភាគច្រើន នៃរាងកាយឱ្យជិត – (សម្លៀកបំពាក់ គួរតែមានពណ៌ភ្លឺ កុំខ្មៅ ឬងងឹត)។ ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះ ស្ត្រីមានផ្ទៃពោះ អាចប្រើបាន ដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។ – សម្រាន្តក្នុងមុង រាល់ពេលសម្រាន្ត នៅពេលយប់ និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញ ចូលបានល្អ។ ប្រសិនជាមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរ ឬមិនត្រូវធ្វើដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួន ដែលជម្រាបជូននេះ ឱ្យបាន ខ្ជាប់ខ្ជួនបំផុត។ បុរស និងស្ត្រីដែលត្រឡប់មកពីតំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្ត ការរួមភេទ ដែលមានសុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទ យ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការវិលត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកា តាមការរួមភេទ។

គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់ មកពីតំបន់ដែលផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច ៦ខែ មុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថា គ្មានការឆ្លងវីរុសហ្ស៊ីកា ទៅទារកដែលនឹងបង្កកំណើត។ ស្ត្រីដែលប្រើវិធីរួមភេទ ដោយមិនការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះ ដោយសារតែបាន ឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយ គ្រូពេទ្យជំនាញ តាមមូលដ្ឋានសុខាភិបាលសាធារណៈ។ ស្ត្រីមានផ្ទៃពោះដែលមាន រោគសញ្ញា នៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ