• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៤ ល្ងាច

កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលជាតិថៃ ។

ប្រភពខាងលើបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ៥០ នាទីព្រឹក បានឃាត់ខ្លួនពិរុទ្ធជនចំនួន ០១ នាក់នៅក្នុងទឹកដីប្រទេសថៃហើយបញ្ជូនមកកម្ពុជាដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពីបទ ឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៦៨៨ (ឈ) ដឃដ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖ -ឈ្មោះ លី ថារិយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ -មុខរបរ មិនពិតប្រាកដ -មានទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ក្រុម៣០៣ ភូមិ២៩ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ០០ នាទី មានករណី ឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ កាន់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក អាម៉េ បញ្ចូលគ្រាប់រួចជាស្រេច បានដើរចេញពីផ្ទះរបស់ជនសង្ស័យ ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ សុខ ឆន ពេលនោះជនរងគ្រោះឈ្មោះ សុខ ឆន បានឃើញក៏រត់ទៅទាញយកបំពង់ទីបដែកក្នុងគោលបំណងការពារអ្នកផ្ទះ និងវាយទៅជនសង្ស័យតែមិនត្រូវ ដោយជនសង្ស័យចាប់បំពង់ទីបជាប់ ហើយជនសង្ស័យបានបាញ់ចំនួន០១ គ្រាប់ចំដើមទ្រូងជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដួលទៅលើដីដាច់ខ្យល់ស្លាប់តែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ