• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៧ ព្រឹក

អាជ្ញាធរខេត្តកណ្តាលនឹងចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ និងស្លាកសញ្ញាគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត្តិក្នុងខេត្តកណ្តាល

ខេត្តកណ្ដាល៖ លោកប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញលិខិត ផ្អាកការអនុញ្ញាតផ្តល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ មកឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកគ្រប់គ្រង និងប្រមូលចំណូលពីការធ្វើអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្ទាល់។ ដូច្នេះក្រុមការងារចម្រុះនៃរដ្ឋបាលខេត្ត ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលអស់សុពលភាព គ្មានច្បាប់អនុញ្ញាត ឬចាស់ពុកផុយទ្រុឌទ្រោម សំដៅធានាសុវត្ថិភាព សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ លោក ប៊ុន ផេង បញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការ ចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ និងស្លាកសញ្ញាគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត្តិក្នុងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរទាំង១៣ ក្រុង-ស្រុកផងដែរ។ ក្នុងកិច្ចប្រជុំនេះ លោក ប៊ុន ផេង ក៏បានធ្វើការពិភាក្សាអំពីទីតាំងភូមិសាស្ត្រ និងកាលបរិច្ឆេទ ក្នុងការចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ និងស្លាកសញ្ញាគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត្តិ ព្រមទាំងបានជំរុញដល់ក្រុមការងាចម្រុះខេត្ត អាជ្ញាធរក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាជំរុញដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ត្រឹមត្រូវ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីដែលច្បាប់បានកំណត់។ បន្ទាប់ពីអាន សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារសម្រាប់ចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ និងស្លាកសញ្ញាគ្រប់ប្រភេទ នៅតាមទីសាធារណៈ និងជាប់លើអគារពាណិជ្ជកម្មផ្សេងដែលពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ឬគ្មានច្បាប់ ឬផុតសពុលភាព ក្នុងភូមិសាស្ត្រខេត្តកណ្តាលរួមមក។ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានបញ្ជាក់ដែរថា ដើម្បីពង្រឹងលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងអាហ្វី ប៉ាណូ គ្រប់ប្រភេទ និងពង្រឹងការប្រមូលចំណូលជូនរដ្ឋ ក្រុមការងារចម្រុះខេត្តនឹងខិតខំ ចុះត្រួតពិនិត្យរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានាទូទាំងខេត្តកណ្ដាល។ លោក ចាប វន្នី បញ្ចាក់បន្ថែមថា ការចុះត្រួតពិនិត្យនេះគឺទី១ ពិនិត្យទៅលើច្បាប់អនុញ្ញាត្តិ ទី២ ពិនិត្យទៅលើគុណភាពសំណង់ និងទី៣ ត្រួតពិនិត្យទៅលើរូបភាព និងខ្លឹមសារ ដើម្បីធានាបាននូវសុខសុវត្ថិភាព សោភ័ណ្ឌភាព នៅតាមទីសាធារណៈ និងទី៤ គឺដើម្បីធ្វើស្ថិតិបច្ចុប្បន្នភាពទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាហ្វីស ប៉ាណូ និងស្លាកសញ្ញាគ្រប់ប្រភេទឱ្យបានត្រឹមត្រូវឡើងវិញផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ