• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៤ ព្រឹក

អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅ នៅបរិវេណខាងមុខ ឆៀងត្បូងប្រាសាទអង្គរវត្ត

ដើម្បីចូលរួមចំណែកលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន និងទេសភាពបៃតងស្រស់ស្អាតគ្រប់រដូវកាល នៅក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកម្សាន្តផងនោះ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅនាបរិវេណខាងមុខប្រាសាទអង្គរវត្ត (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។
លោកស្រីអាំង សុចិន្តា មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ជ្រុងខាងត្បូងនេះ ក្រុមហ៊ុនកំពុងដាំស្មៅ ចំណែកនៅតាមព្រំ មានដាំលម្អរទៅដោយដើមឈើ និងផ្កាព្រៃចម្រុះមួយចំនួន ក្រោមទំហំផ្ទៃដីចំនួន២៤,០០០ម៉ែត្រការេ។ រហូតមកដល់ដើមខែសីហានេះ ការងារសម្រេចបានប្រមាណ៣០ភាគរយហើយ ដោយចាប់ផ្តើមដំណើរការតាំងពីអំឡុងដើមខែកក្កដាមក គ្រោងចំណាយពេលវេលាចំនួន៤ខែទើបរួចរាល់។លោកស្រីបន្តទៀតថា ក្រោយការងារដាំដុះស្មៅនៅបរិវេណនេះរួចរាល់ ទីនេះនឹងពោពេញទៅដោយវាលស្មៅស្រស់បំព្រង ហើយភ្ញៀវទេសចរអាចចូលមកថតរូបកម្សាន្តបាន ដោយអាចបញ្ជៀសការកកស្ទះចំនួនភ្ញៀវចូលទស្សនាប្រាង្គប្រាសាទបានមួយចំនួន ជាពិសេសទីតាំងខាងលើ អាចរៀបចំប្រារព្ធពិធីផ្សេងៗ ជំនួសឱ្យទីតាំងចំពីខាងមុខប្រាសាទអង្គរវត្ត។
សូមជម្រាបផងដែរថា វាលស្មៅខៀវខ្ចីទាំងនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ឬខាងក្រៅប្រាសាទ ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្រោចស្រព្វ ថែទាំ និងកាត់សម្អាតជាប្រចាំ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

ប្រភព៖អាជ្ញាធរជាតិអប្សរា

អត្ថបទពេញនិយម

ពត៍មានថ្មីៗ