• ច័ន្ទ ២៩ មេសា ២០២៤ ០២:៣៦ ព្រឹក

ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចពិភាក្សា ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីអនាគត ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម / ដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីអនាគត ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម / ដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌»។ ក្នុងឱកាសដឹកនាំកិច្ចពិភាក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិច្ចប្រជុំ បានថ្លែងអំណរគុណចំពោះតំណាងប្រតិភូយុវជនដែលបានឡើងបង្ហាញលទ្ធផលនៃវេទិកាយុវជនលើកទី២ ក្រោយពីបានដំណើរការអស់រយៈពេល៤ថ្ងៃកន្លងមក ដោយយុវជនបានបង្ហាញពីសំណូមពរ និងដំណោះស្រាយថ្មីចំពោះបញ្ហាប្រឈមក្នុងការងារមនុស្សធម៌ ដែលសមាគមជាតិកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិច្ចប្រជុំ បានថ្លែងអំណរគុណចំពោះការចូលរួមមតិដ៏ផុលផុសពីសំណាក់ថ្នាក់ដឹកនាំ ក្នុងកិច្ចពិភាក្សា ត្រិះរិះស្វែងរកដំណោះស្រាយបែបថ្មីក្នុងការងារមនុស្សធម៌ នាំគ្នាលើកកម្ពស់ការចូលរួមរបស់យុវជន និងកសាងសមត្ថភាពយុវជនឱ្យទៅជាអ្នកដឹកនាំវ័យក្មេង។ ថ្លែងក្នុងមតិបូកសរុបកិច្ចពិភាក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ថា ៖ «កិច្ចពិភាក្សារយៈពេល ២ម៉ោង នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈយុវជនទាំងអស់ ក្នុងការប្តេជ្ញាចិត្តរួមកម្លាំងគ្នា នៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដ៏រឹងមាំមួយដើម្បីបុព្វហេតុមនុស្សធម៌។» ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះការរៀបចំចេញជាសេចក្តីថ្លែងការណ៍របស់វេទិកាយុវជនលើកទី២ ដែលនឹងយកមកពិភាក្សាជាមួយថ្នាក់ដឹកនាំទាំងអស់ ដើម្បីបានមតិឯកភាពគ្នា ហើយដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលអង្គប្រជុំនឹងពិនិត្យរួមគ្នា នៅសម័យប្រជុំទី១០ នាថ្ងៃស្អែក ២២ កញ្ញា ម៉ោង ១៥:៣០ នាទីរសៀល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ