• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៨ ព្រឹក

កម្ពុជា-ថៃ បានឯកភាពបន្តពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។ ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលបច្ចុប្បន្នមានប្រមាណ១,២លាននាក់។ ពីភាគីថៃវិញ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញ និងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។ បន្ថែមពីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារដែលមានស្រាប់ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាង។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរ បានឯកភាពគ្នាមួយចំណុចទៀត គឺការពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សស្របតាមស្មារតី នៃអនុស្សរណៈដែលមានស្រាប់ដើម្បីរក្សាបាននូវការគោរពសិទ្ធិរបស់ពលរដ្ឋ។ ក្នុងនោះ ទាំងកម្ពុជា និង ថៃ សុទ្ធតែមើលឃើញពីការជះឥទ្ធិពលអវិជ្ជមាននៃអំពើជួញដូរមនុស្ស។ យ៉ាងណាក៏ដោយមុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមឯកអគ្គរាជទូតថៃ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ ដើម្បីរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ