• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥០ ព្រឹក

រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញគោលការណ៍ ៧ចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករនិយោជិត។

គោលការណ៍ ៧ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលបានអនុវត្តខ្ជាប់ខ្ជួនរួមមាន៖ ទី១ ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥%នៃរោងចក្រដែលចុះបញ្ជីនៅក្រសួង និង ទី២ ការរៀបចំ ទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ។ ដោយឡែកទី៣ ការដាក់ឲ្យអនុវត្ត « គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការដំណើរការ និង ការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវិដ-១៩។ បន្ថែមពីនេះ ក្នុងគោលការណ៍ទី៤ ក្រសួងការងារ បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាព និង សុខភាពការងារតាមបណ្តាមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងគោលការណ៍ទី៥ គឺការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ និង វិជ្ជាសង្រ្គោះតាមរោងក្រសហគ្រាសផងដែរ។ ជាមួយគ្នានេះផងដែរក្នុងគោលការណ៍ទី៦ ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព និង សុខភាពការងារដល់គ្រូពេទ្យសហគ្រាសនិងបុគ្គលិកទទួលបន្ទុកផ្នែក សុវត្ថិភាព និង សុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ និងទី៧ចុងក្រោយ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ និង វិធានការការពារជំងឺផ្តាសាយ ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត និងដល់កម្មករនិយោជិត ។ វិធានការទាំង៧នេះ គឺជាវិធានការដើម្បីលើកកម្ពស់កម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករដែលជាចំណុចអាទិភាពស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧នេះ។ សូមជម្រាបថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ