• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៦ ព្រឹក

អគ្គិសនីកម្ពុជា E.D.C.ជូនដំណឹង ឱ្យប្រយ័ត្នករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គសនីកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។ មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទបណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្ដូរឌីសុងទ័រ និងប្ដូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។ ពាក់ព័ន្ធ នឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវ ដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅ ឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការណ៍ តាមផ្លូវច្បាប់។ អគ្គិសនីកម្ពុជាសូមជម្រាបថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែ មានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជា ពុំបានបញ្ចូននិយោជិតណាម្នាក់ ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់ របស់អគ្គិសនីកម្ពុជានោះទេ សម្រាប់ការបង់ប្រាក់ អតិថិជនអាចបង់នៅតាមបញ្ជរបេឡាអគ្គិសនីកម្ពុជា និងតាមរយៈ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយអគ្គិសនីកម្ពុជា។ អគ្គិសនីកម្ពុជា មិនទទួលខុសត្រូវ ចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ ដូចនេះរាល់បញ្ហា និងចម្ងល់ អតិថិជន អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទពិសេស៤ខ្ទង់ ១២៩៨ ដែលបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង។ អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជន របស់អគ្គិសនីកម្ពុជា មេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ