• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥១ ព្រឹក

ក្រសួងសុខាភិបាល ចេញបទបញ្ជាម៉ឺងម៉ាត់លើការបើកមន្ទីរ ឬអង្គភាពផ្ដល់សេវាសុខាភិបាល

ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញបទបញ្ជាម៉ឺងម៉ាត់លើការបើកមន្ទីរ ឬអង្គភាពផ្ដល់សេវាសុខាភិបាល ត្រូវតែអនុលោមតាមច្បាប់ បច្ចេកទេស និងកិច្ចសន្យាជាដាច់ខាត។ គួរបញ្ជាក់ផងដែរថា  ការចេញបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងពីរទីតាំង កាលពីថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ ។

ជាមួយគ្នានោះការចេញនូវបទបញ្ជានេះ គឺដើម្បីពង្រឹងវិស័យសុខាភិបាលទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទាំងនេះគឺជាការគិតគូររបស់ឯកឧត្តមរដ្ឋមន្រ្តីដែលមានបទពិសោធន៍ច្រើនក្នុងវិស័យសុខាភិបាល ក៏ដូចជាកិច្ចគាំពារសុខភាពសាធារណៈ និងក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរចំពោះសុខុមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលា និងផ្ដល់ការណែនាំដាស់តឿនដល់អង្គភាពប្រតិបត្តិការសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នៅចំពោះមុខនឹងការណែនាំនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ត្រីរាជការដែលចំណុះក្រសួងសុខាភិបាល មានមន្ទីរសុខាភិបាល២៥រាជធានី-ខេត្ត សូមអនុវត្តតាមបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលជាតិ និងត្រូវតាមដានត្រួតពិនិត្យការអនុវត្តនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល ក៏ដូចជាអង្គភាពឯកជនដែលប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត មិនអាចលើកលែងចំពោះអង្គភាពណា ឬមន្ត្រីណា ឬបុគ្គលិកសុខាភិបាលណាដែលប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់បច្ចេកទេស វិជ្ជាជីវៈ ក្រមសីលធម៌នោះឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ