• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២១ ល្ងាច

លោកទេសរដ្ឋមន្រ្តី លីធុជ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្ត្រី និងនាយទាហានកម្ពុជា នៅទីក្រុងណានជីង ប្រទេសចិន

(ទីក្រុងណានជីង ចិន) ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់មន្ត្រី និងនាយទាហានកម្ពុជា នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះមានសិក្ខាកាមមកពីអាជ្ញាធរមីន កងទ័ពជើងគោក និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

ក្នុងសុន្ទរកថាថ្លែងក្នុងពិធីបិទវគ្គនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា និងចិន បានកសាងនូវទំនាក់ទំនងជាប្រវត្តិសាស្រ្ត ជាអមតៈ ពុំអាចកាត់ថ្លៃបាន ពោរពេញដោយភាពជិតសិ្នទបំផុត និងជាមិត្តដែកថែប។ ឆ្នាំ២០២៣ នេះ ចំណងការទូតជាផ្លូវការរវាងប្រទេស និងប្រជាជនទាំងពីរ ឈានដល់ខួបទី ៦៥ ឆ្នាំ ដែលបានកសាងឡើងដោយ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ប្រមុខរដ្ឋ ម៉ៅ សេទុង នៅឆ្នាំ១៩៥៨ និងក្រោយមកទៀត ក្រោមទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានពង្រឹង និងពង្រីកនូវចំណងមិត្តភាពនេះ ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ រហូតឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាន់នូវនយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ខណៈដែលចិនគោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់នូវការគាំទ្រចំពោះកម្ពុជា ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន ដល់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម

ជាមួយនឹងជំនួយមនុស្សធម៌ពីប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចុះកិច្ចព្រមព្រៀងទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា-ចិន លើវិស័យធំៗជាច្រើន ក្នុងនោះក៏មានវិស័យការពារជាតិ និងការបោសសម្អាតមីនមនុស្សធម៌។ លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ស្នើសុំគាំទ្រពី ឯកឧត្តមប្រធានាធបតី ស៊ី ជីនពីង ចាប់ពីឆ្នាំ២០១៨ ក្នុងគម្រោងលប់បំបាត់គ្រាប់មីននៅកម្ពុជា អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីននិងគ្រាប់ក្នុងទំហំផ្ទៃដីប្រមាណជា ១០៦ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលជាង ១លាននាក់ ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ ប្រទេសចិន បាននឹងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារៈបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សជាបន្តបន្ទាប់ ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥។ ជំនួយរបស់មិត្តចិន បានចូលរួមជួយសង្រ្គោះជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយធ្វើឲ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។ ការចូលរួមចំណែកពីមិត្តចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ