• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៩ ព្រឹក

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបចាប់បានហើយ មុខសញ្ញាក្លែង តេឡេក្រាម ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ដាក់ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងដាក់ឈ្មោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឆបោកឱ្យផ្ញើប្រាក់ ក្រោមរូបភាពគៀរគរប្រាក់យកទៅជួយគ្រួសារទ័ព។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីបដិសេធ លើគណនីតេឡេក្រាម (Telegram) មួយដាក់ឈ្មោះ Mao Sophan និងរូបថត ឯកឧត្តម ដែលបានផ្ញើសារទៅអ្នកដទៃគៀរគរប្រាក់ និងបានស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។ ដូចគ្នាដែរ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានប្រកាសឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យដែលបានបង្កើតតេឡេក្រាម (Telegram) ដោយដាក់រូបថត និងឈ្មោះ "គន់ គីម" ផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ