• ច័ន្ទ ២៩ មេសា ២០២៤ ១១:០២ ព្រឹក

កម្ពុជា-ចិន ចង់បង្កើនឧត្ដមប្រយោជន៍ដល់គ្នា តាមរយៈយន្តការពង្រឹង និងឈរលើចំណងមិត្តភាពស្អិតរមួត

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរតាមរយៈយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបលើទឹកដីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី  លោក លី ឈាង បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាបានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់ ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាខ្លួនលោក លី ឈាងផ្ទាល់ ជូនចំពោះសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

កំឡុងជំនួបនៅថ្ងៃទី៦ ខែកញ្ញានេះ ឆ្លើយតបនឹងការអបអរសាទរ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា ។ ជាចុងក្រោយ សម្ដេចធិបតី បានជូនពរ លោក លី ឈាង ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាថ្ងៃអនាគត និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ