• ច័ន្ទ ២៩ មេសា ២០២៤ ១២:២១ ល្ងាច

អាជ្ញាធរមីន៖ ឥណ្ឌា ចំណាយថវិកាប្រមាណជាង៤២ មឺុនដុល្លារអាមេរិកលើគម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង ក្នុងនាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង​លោកជំទាវ​ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន)។

ពិធី​នេះ​មាន​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​នៃ​គណ:អភិបាល​ខេត្ត​កោះកុង​ កងកម្លំាង​ប្រដាប់​អាវុធ​ និង​មន្រ្ដី​រាជការ​ជុំវិញ​ខេត្ត​។ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១.៩៧២.០៩១ ម៉ែត្រក្រឡា ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦.៧០៩ ដុល្លារអាមេរិក។ គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩ គ្រួសារ ស្មើនឹង ៨៦.៣៦៧ នាក់។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកិច្ចការនេះ ឯកឧត្តមបណ្ឌិត បាននឹងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពី សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្ដម​បណ្ឌិត បានបន្តទៀតថា ខេត្តកោះកុង តាមរយៈការងារបោសសម្អាតមីននេះ នឹងជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតតាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលទស្សនានិងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលជីវភាពរស់នៅកាន់តែប្រសើរឡើង ផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដម​បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងធ្វើឲ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា ក្នុងនោះប្រទេសឥណ្ឌា ធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង និងផ្តល់នូវអវៈយវៈជូនដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយមានជ័យ ចំនួន ៥៥០ នាក់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ