• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៦ ព្រឹក

ក្រសួងសាធារណការ៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា នេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ជាង៣៥% ហើយ

កោះកុង៖ គណ:ប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យគុណភា​ព​ និងវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី ៣១ សីហា ២០២៣ ក្នុងគោលបំណង ធ្វើការតាមដានការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ សំដៅឱ្យខ្សែផ្លូវមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ គណ:ប្រតិភូចុះត្រួតពិនិត្យរួមលេីកទី៣នេះ ដឹកនាំដោយ ឯកឧត្តមសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ​ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែសីហា នេះ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ។

តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែមទំហំការងារមួយចំនួន។ ជាការឆ្លើយតប ទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរលឹកដល់ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវអនុវត្តការងារសាងសង់គម្រោងឱ្យបានចប់រួចរាល់ តាមផែនការដែលបានស្នើសុំ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះសិក្សាពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ និងគម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ដែលមានប្រវែងប្រមាណ ១៩០០មផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ