• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០០ ព្រឹក

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនគាំទ្រការដកមន្រ្តីខំធ្វើការចេញដោយគ្មានមូលហេតុ ក្នុងអាណត្តិថ្មីឡើយ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ នេះ បានចេញមកណែនាំជាថ្មីដល់មន្រ្តីរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីទី៧នេះ ចំពោះការកែទម្រង់ និងការរៀបចំមន្រ្តីនៅតាមស្ថាប័នរបស់ខ្លួន។ សម្តេចតេជោ បានប្រកាសថា សម្តេចគាំទ្រការធ្វើការកែទម្រង់ តែមិនគាំទ្រការដកមន្រ្តីខំធ្វើការចេញដោយគ្មានមូលហេតុនោះទេ។ តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលសម្តេចបាននិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័ ឲ្យមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើណ្តាំរបស់សម្តេចកាលពីល្ងាចថ្ងៃ១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំ មុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។

ជាមួយនឹងវីដេអូឃឃ្លីបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖«ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ តាមរយៈវីដេអូឃ្លីបកាលពីដើមអាណត្តិទី៦ ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវគោលការណ៍ច្បាស់លាស់នៃកំណែទម្រង់របស់សម្តេច គឺរក្សាចាស់ បង្កើនថ្មី។ បើតាមសម្តេចតេជោ ហ៊ុន សែន ការកែទម្រង់ដែលគ្រាន់តែផ្លាស់ប្តូរមនុស្សធ្វើការ ឬដកអ្នកចាស់ ដាក់អ្នកថ្មី នោះ នឹងធ្វើឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោត នឹងស្លាប់មិនខានឡើយ។ សម្តេចតេជោ ប្រធានគណបក្សកាន់អំណាច បានរំលឹកថា ជោគជ័យរបស់សម្តេចតេជោ កន្លងមក គឺរក្សាចាស់ បង្កើនថ្មីនេះឯង គឺតាំងពីចេញពីមនុស្ស៥នាក់ រហូតដល់មនុស្សរាប់លានដើរតាម និងនៅជាមួយសម្តេចរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ