• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៨ ព្រឹក

មនុស្ស ៤នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរមានការធ្វេសប្រហែស

ខេត្តព្រៃវែង៖ មនុស្ស ៤នាក់ បានរងរបួស ក្នុងករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ ធ្វើវាស់វែង និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង លើផ្លូវ៣១៣ ស្ថិតក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Ct100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង.1F-4069 បើកបរដោយឈ្មោះ អ៊ុំ រុំ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង (របួសជើងស្តាំ) និងអ្នករួមដំណើរឈ្មោះ បូ ដា ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ត្រូវជាប្រពន្ធ (រងរបួសចង្កេះ) បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៣១៣

ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវដល់គន្លងផ្លូវម្ខាងទៀត ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង.1Q-4626 បើកបរដោយឈ្មោះ សាវុធ វ៉ាន់ណេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង (របួសស្មា) និងអ្នករួមដំណើរម្នាក់ឈ្មោះ ថន ខេមរ: ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិស្គដាច សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង (របួសភ្លៅ) ក្នុងទិសដៅបញ្ច្រាសគ្នា បុកបណ្ដាលឱ្យដួលបោកនឹងថ្នល់ និងម្ខាងទៀតធ្លាក់ផ្លូវ រងរបួសទាំងសងខាងតែម្ដង ។ បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ រីឯវត្ថុតាងម៉ូតូ ត្រូវបាននគរបាល យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្ដៀង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ