• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៥ ព្រឹក

«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ «ការយល់ដឹងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ»

តាកែវ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ «ការយល់ដឹងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ» ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក យ៉ង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាង ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញ មកពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរជុំវិញខេត្ត តំណាងរដ្ឋបាលស្រុក និងពាណិជ្ជករ អាជីវករដែលជាម្ចាស់ស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈប្រមាណជិត៣០០នាក់។

ថ្លែងក្នុងមតិស្វាគមន៍ដល់កម្មវិធីអប់រំផ្សព្វផ្សាយនេះ លោក យ៉ង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានណែនាំឱ្យអ្នកចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ត្រង់ត្រាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយ ដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. និងសូមលើកមតិយោបល់ ចោទជាសំនួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានផុលផុស។ ជាមួយគ្នានោះ លោក អភិបាលរង ក៏បានសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្រ្តីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប. ខិតខំបំពេញភារកិច្ច ចុះស្រាវជ្រាវកំណត់បទល្មើស នៅតាមបណ្តាគោលដៅ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងមូលដ្ឋានខេត្តតាកែវនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបជូន អ្នកចូលរួមទាំងអស់អំពីសារៈសំខាន់នៃការរៀបចំកម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ គឺមិនត្រឹមតែនឹងផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់អាចផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកយកអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ សំដៅជំរុញឱ្យការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

គួររំលឹកផងដែរថា កម្មវិធីអប់រំផ្សព្វផ្សាយនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលជាច្បាប់មួយមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យប្រកបអាជីវកម្មដោយសុចរិត សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មឬអាជីវកម្ម និងធានាបាននូវការប្រកួតប្រជែង ប្រកបដោយសមធម៌និងយុត្តិធម៌ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយប្រភេទនេះ ឱ្យបានគ្រប់ រាជធានី ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជៀសអំពីការប៉ះពាល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជូនដល់ម្ចាស់អាជីវកម្ម ក៏ដូចជាពាណិជ្ជករក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ