• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៣ ព្រឹក

រាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង អមព្រមជាមួយកម្មវិធីនយោបាយអាទិភាព៦ចំណុច

នៅព្រឹកថ្ងៃទី២១ ខែសីហា រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ភ្លាមៗនោះដែរ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បានប្រកាសអនុវត្តភ្លាមនូវគោលនយោបាយអាទិភាព៦ចំណុច ដើម្បីប្រជាពលរដ្ឋកម្ពុជា។ បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កម្មវិធីនយោបាយអាទិភាពទាំង៦ចំណុចនេះ គឺរួមមាន ទី១.ពង្រឹងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ទី២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ

និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស និងទី៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ ចំណែក ទី៤. គឺការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ខណៈទី៥. គឺការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន

សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦. គឺការដាក់ចេញពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។ គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។ ក្នុងតំណែងជានាយករដ្ឋមន្រ្តីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាយ៉ាងមុតមាំដើម្បីដឹកនាំប្រទេសឱ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ