• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៤ ព្រឹក

កម្លាំង នគរបាលស្រុកសំពៅលូន បង្ក្រាបករណីបម្រុងនាំមនុស្សឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ឃាត់ខ្លួនមេខ្យល់២នាក់ និងពលករម្នាក់

បាត់ដំបង៖ តាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤០នាទី នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានធ្វើការបង្ក្រាបករណីបម្រុងនាំមនុស្សឆ្លងដែន ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ចំនួន ០១ករណី។ ប្រភពខាងលើបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យចំនួន ២នាក់ ១.ឈ្មោះ ដេត សុធា ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) និង២.ឈ្មោះ ឆែម សុខន ហៅ វែង ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាពទាក់ទងនាំពលករម្នាក់ឈ្មោះ វើន រំដួល ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដល់ខេត្តឈុនបូរី ដោយយកប្រាក់ថ្លៃធ្វើដំណើរចំនួន ៤.៥០០បាត។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ និងពលករចំនួន ០១នាក់ ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) មកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ។ ប្រភពខាងលើបញ្ជាក់ថា ករណីនេះ កម្លាំងនគរបាលស្រុកសំពៅលូន បានធ្វើកិច្ចសន្យាពន្យល់ណែនាំពលករម្នាក់ រួចអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ។ ដោយឡែក ជនសង័្សយទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ