• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៦ ព្រឹក

ប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង ២ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចទៅនឹងបងប្អូនមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។ លោកស្រី ជា សោភីន ប្រកបរបរជាជាងកាត់ដេរម្នាក់ ក៏ដូចជាបងប្អូនអាជីវករជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់

ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋធម្មតាមានមុខរបរតិចតួចនៅផ្ទះសោះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដែរ។ ពួកគាត់បានបន្តទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាលហើយ ថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត។ បើយោងតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរបស់ ប.ស.ស. បានបញ្ជាក់ថា៖

គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងខាងលើ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍សរុបប្រមាណជា ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់) បានមកស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលក្នុងនោះគ្រាន់តែនៅរាជធានីភ្នំពេញមានចំនួន ១២ ៨៤៣នាក់ (ស្រីចំនួន ៧ ០៣៧នាក់)។ គួរបញ្ជាក់ផងដែរថា សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន៖

(១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល

(២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក

(៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. 

(៤) សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។

គួរឱ្យដឹងផងដែរថា៖ គិតរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបចំនួន ១ ៩៤៥ ៧៩៥នាក់ (ស្រីចំនួន ១ ០៧៦ ៣៩៦នាក់) ដែលក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៤៩១ ៦១៣នាក់ (ស្រីចំនួន ៩២៤ ៥៧១នាក់), សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រីចំនួន ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ