• ច័ន្ទ ២៩ មេសា ២០២៤ ១២:០០ ល្ងាច

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ឱ្យប្រយ័ត្នពីការទទួលទានរុក្ខជាតិ និងសត្វល្អិតមួយចំនួន បន្ទាប់ពីមានអ្នកពុលស្លាប់

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ ឱ្យសាធារណជន មានការប្រុងប្រយ័ត្នចំពោះការទទួល ទាន រុក្ខជាតិ និងសត្វល្អិតមួយចំនួន បន្ទាប់ពីប្តីប្រពន្ធ ២រូប ស្លាប់បាត់បង់ជីវិត ក្រោយទទួលទាន កំភេមខ្មោច ។ បើតាមសេចក្តីជូនដំណឹង មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ ០២រូប (ប្តីប្រពន្ធ) ដែលរស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអាការៈរមាស់ ក្អួរចង្អោរ និងមានពងបែកក្នុងមាត់ បន្ទាប់ពីពួកគាត់ទាំងពីរនាក់ បានទទួលទានកំភេមខ្មោចរួចប្រមាណជា ១០នាទី ។ ក្នុងសេចក្តីជូនដំណឹង បញ្ជាក់ថា ជន រង គ្រោះ ជាប្រពន្ធ បាន ទទួលទានសត្វ កំភេម ខ្មោចចំនួន ៥ និង ចំណែក ខាង ប្ដី បានទទួលទានកំភេមខ្មោចចំនួន ៣ ។

ជុំវិញករណីនៃការពុលនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះពួកគាត់យ៉ាងណាក៏ដោយ នៅតែមិនអាចសង្គ្រោះបាន ស្ត្រីជាប្រពន្ធស្លាប់នៅថ្ងៃបន្ទាប់ពីថ្ងៃទទួលទាន ចំណែកឯបុរសជាប្តី ស្លាប់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ គូសបញ្ជាក់ដែរថា កន្លងមក មានករណីនៃការពុលរុក្ខជាតិ ច្រើនមកហើយ ដូចជា ពុលផ្សិត ឬសត្វល្អិត។ ក្នុងករណីទាំងអស់នោះ មានខ្លះក៏អាចសង្គ្រោះបាន ខ្លះទៀត មិនអាចសង្គ្រោះបាន។ ហេតុនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ អំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលទានរុក្ខជាតិ ឬសត្វល្អិត ដែលយើងមិនធ្លាប់ទទួលទានពីមុនមក ជាពិសេសសត្វកំភេមខ្មោច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ