• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៣ ព្រឹក

ប្រទះឃើញសត្វផ្សោតទន្លេមេគង្គ០១ក្បាលងាប់ដោយសារជាប់មង នៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នាថ្ងៃទី៩ សីហា បានអោយដឹងថា៖នាថ្ងៃទី៩ សីហា វេលាម៉ោង ៥៖៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១,០១ម៉ែត ទម្ងន់ ១៤,៤គីឡូក្រាម អាយុប្រមាណ ២ខែ បានងាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល»។ រដ្ឋបាលជលផល បន្ដថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន ៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន ៥ក្បាល និងមានស្លាប់ ៣ក្បាល នាំឲ្យចំនួនសត្វផ្សោតសរុបមានចំនួន ៩២ក្បាល។

សូមជម្រាបថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងស្លាប់៕ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា និងពិភពលោក។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្ដល់ព័ត៌មានដល់មន្ត្រី ជំនាញផលផលដែលនៅជិត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ