• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤២ ព្រឹក

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦ (The 56th ASEAN Day Celebration)។ ពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា លោកជំទាវពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានស្វាគមន៍ចំពោះការចូលរួមអបអរសាទរទិវាអាស៊ានលើកទី៥៦។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថ្លែងថា «អាស៊ាន គឺជាសក្តានុពលដ៏អស្ចារ្យនៃវប្បធម៌ ភាសា និងប្រពៃណី ហើយការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់តំបន់របស់យើង គឺជាការរួបរួមគ្នារបស់យើង»។

លោកជំទាវណ្ឌិតសភាចារ្យ បានថ្លែងទៀតថា យើងរួមគ្នាបង្កើតសហគមន៍រឹងមាំ និងធន់ ដែលត្រូវបានដឹកនាំដោយគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។ ក្នុងក្របខណ្ឌដ៏ទូលំទូលាយ និងប្រកបដោយចក្ខុវិស័យសម្រាប់អនាគតរបស់យើង៖ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ គឺបង្ហាញពីសេចក្តីប្រាថ្នារបស់យើងក្នុងការសម្រេចបាននូវសហគមន៍នយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច និងសង្គមដែលមានទំនួលខុសត្រូវ ដោយផ្តោតលើប្រជាជន។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌ដែលជាធាតុសំខាន់នៃអត្តសញ្ញាណ និងសហគមន៍អាស៊ានរបស់យើង។ វប្បធម៌មិនត្រឹមតែជាប្រភពនៃមោទនភាព និងសេចក្តីរីករាយសម្រាប់ប្រជាជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញនៃទំនាក់ទំនងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងការថែរក្សាបេតិកភណ្ឌរួមរបស់យើង។ ចូរយើងធ្វើការរួមគ្នាដើម្បីធានាថាវប្បធម៌ដ៏សម្បូរបែប និងចម្រុះរបស់យើងត្រូវបានបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ ហើយពួកគេបន្តជំរុញ និងលើកកម្ពស់ជីវិត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ