• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៩ ព្រឹក

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ មានអត្តពលិកជាតិ និងអន្តរជាតិជាង២៥០០នាក់ មកពី​៤៥ប្រទេស ចូលរួម

អត្តពលិកជាតិ និងអន្តរជាតិចំនួន ២ពាន់៥១១នាក់ មកពី៤៥ប្រទេស បានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប។ ក្នុងពិធីបើកព្រឹត្តិការណ៍នាពេលនោះ មានឯកឧត្តម បណ្ឌិត ថោង ខុន បានលើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ជាព្រឹត្តិការណ៍ កីឡា ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេម ដែលកម្ពុជាទើបតែទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ផងដែរ ។

ទាំងនេះក៏បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមយ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅឆ្នាំ២០២៣នេះ នឹង ជម្រុញដល់ការធ្វើពិពិធកម្មកីឡាទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តម រពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥លាននាក់

ហើយសម្រាប់ឆ្នាំ២០២៦ខាងមុខ ភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ ៧លាននាក់។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ តែងរៀបចំនៅដើមខែសីហា ដែលស្ថិតក្នុង រដូវវស្សា ដើម្បីជម្រុញដល់សកម្មភាពទេសចរណ៍ក្នុងប្រទេស ដែលមាន៤វិញ្ញាសារួមមាន ចម្ងាយ៤២,១៩៥គីឡូម៉ែត្រ ២១គីឡូម៉ែត្រ , ១០គីឡូម៉ែត្រ និង ចម្ងាយ ៣គីឡូម៉ែត្រ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ