• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៤ ព្រឹក

ប្រតិភូដឹកនាំកាយរឹទិ្ធជាតិកម្ពុជា (ក.ជ.ក) ជំនួបជាមួយថ្នាក់ដឹកនាំគណៈកម្មការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ (WOSM)

ខេត្ដប៊ូអាន-សាធារណរដ្ឋកូរ៉េ៖ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ គីម សេដ្ឋានី ប្រធានគណៈប្រតិភូដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងសហការី បានជួបប្រជុំជាមួយលោក Edward Andrew (Andy) Chapman ប្រធានគណៈកម្មការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងលោក Ahmad Alhendawi អគ្គលេខាធិការនៃអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ ព្រមទាំងនាយកការិយាល័យ និងថ្នាក់ដឹកនាំកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាច្រើនរូបទៀត។ លោកជំទាវ ប្រធានប្រតិភូ បានលើកឡើងដល់អង្គប្រជុំ ស្តីពីវឌ្ឍនភាពថ្មីៗ និងកំណើនសមាជិកកាយរឹទិ្ធជាតិកម្ពុជា ចំនួន ១៧៥ ០០០ នាក់ (របាយការណ៍សន្និបាតអប់រំឆ្នាំ២០២២) និងបានចុះក្នុងបញ្ជីស្ថិតិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធចំនួន ៥៩ ២៧៥ នាក់ (Census WOSM 2022) ដែលមានកំណើន ១៥ភាគរយ ជារៀងរាល់ឆ្នាំ។ តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទ្ធិជាតិកម្ពុជាបានឆ្លើយតបយ៉ាងវិជ្ជមានទៅចក្ខុវិស័យឆ្នាំ២០៣០ របស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ ដើម្បីសម្រេចបាននូវកំណើនសមាជិកកាយរឹទិ្ធជុំវិញពិភពលោកចំនួន ១០០លាននាក់។ លោកជំទាវប្រធានប្រតិភូ បានបន្តលើកឡើងអំពីក្រុមប្រឹក្សាកាយរឹទិ្ធជាតិកម្ពុជា អាណត្តិទី៤ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអនុម័តលើផែនការយុទ្ធសាស្រ្ត ក.ជ.ក ឆ្នាំ២០២៣-២០២៧ ដែលមានចក្ខុវិស័យសម្រេចឱ្យបាននូវកំណើនសមាជិកភាពចំនួន ២ ៥០០ ០០០នាក់ ក្នុងឆ្នាំ២០២៧ ខាងមុខ។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ កាយរឹទិ្ធជាតិកម្ពុជា នឹងចូលរួមកាន់តែសកម្មបន្ថែមទៀត ដើម្បីអនុវត្តតាមគោលនយោបាយអប់រំបរិយាបន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា និងផ្តល់ជាធាតុចូលយ៉ាងសំខាន់ទៅក្នុងអនុសាសន៍នៃកិច្ចប្រជុំកំពូលបរិវត្តកម្មអប់រំឆ្នាំ២០២២ របស់អង្គការសហប្រជាជាតិ។ លោក Andy Chapman និងលោក Ahmad Alhendawi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាពជាអ្នកដឹកនាំ និងការរីកចម្រើនរបស់កាយរឹទិ្ធជាតិកម្ពុជា ដែលជាអង្គការកាយរឹទិ្ធជាតិយ៉ាងសកម្មមួយក្នុងតំបន់ និងបានរួមចំណែកជាធាតុចូល ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ