• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៤ ព្រឹក

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងតំឡេីងផ្ទាំងប៉ាណូ នៅអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រីយ៍ ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស​ និងសហគមន៍យល់ដឹងអំពីមីនគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ​ ដើម្បីទប់ស្កាត់កុំអោយមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។ ពិធីនេះ មានការចូលរួមពីលោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ អភិបាលស្រុកអន្លង់វែង អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ម៉ាពូ ប្រតិបត្តិករ HALO Trust, NPMEC សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ៨នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ១៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំមុន មាន ៤០នាក់ ថយចុះ (១៩នាក់) ៤៨%។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានពាំនាំនូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋ ដូចខាងក្រោម៖ * ស្នើសុំប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូលនិងកំទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។

* ស្នើសុំបងប្អូនប្រជាពលរដ្ឋ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្ត ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវ ប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។ * ស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។

* ស្នើនគរបាលប៉ុស្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ