• ច័ន្ទ ២៩ មេសា ២០២៤ ១១:០១ ព្រឹក

សមត្ថកិច្ចចាប់ឃាត់ខ្លួនបានចោរទាក់ឆ្កែពេលធ្វើសកម្មភាពលួចទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋ

នេះដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ គោរពជម្រាបសួរ កាលពីម៉ោង៣:០១នាទី អម្បាញ់មិញនេះ ខ្ញុំបានឃើញផ្ទាល់ភ្នែក មានចោរទាក់ឆ្កែ២ម៉ូតូ អូសឆ្កែកាត់មុខផ្ទះខ្ញុំ។ ម៉ូតូខាងមុខអូសឆ្កែ(ឆ្កែពណ៌ត្នោត) ម៉ូតូមួយទៀតជិះពីក្រោយ។ សូមបងជួយចាត់កម្លាំងចុះអន្តរាគមន៍រឿងមួយនេះផងព្រោះសកម្មភាពបានធ្វើដដែលៗរាល់ថ្ងៃរាប់ឆ្នាំមកហើយ

(សូម្បីតែខ្ញុំក៏ធ្លាប់ត្រូវបានចោរទាក់ឆ្កែរបស់ខ្ញុំដែរ) ។

ជាចុងក្រោយខ្ញុំសង្ឃឹមថាខាងបង នឹងចុះបេសកកម្មលើរឿងនេះឆាប់ៗ។ សូមអរគុណ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកមុខកំពូល ដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបមុខសញ្ញាខាងលើ។

ជាលទ្ធផល៖

ជារៀងរាល់យប់ លោកវរសេនីយ៍ឯក ឯក លន់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបែងចែកកម្លាំងអន្តរាគមន៍ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ និងកម្លាំងប្រជាការពារ បានពួនស្ទាក់ក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានក្នុងភូមិសាស្ត្រស្រុក ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ និងក្រុមជនសង្ស័យទាក់ឆ្កែរបស់ប្រជាពលរដ្ឋ។

កន្លងមកកម្លាំងសមត្ថកិច្ចយើងបានធ្វើការប្រដេញ និងបង្ក្រាបក្រុមជនសង្ស័យដើរទាក់ឆ្កែរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយ ដោយសារភូមិសាស្រ្តផ្លូវជាតិលេខ៦ ធំទូលាយធ្វើឱ្យជនសង្ស័យមានឱកាសរត់គេចខ្លួនបាន។រហូតមកដល់ថ្ងៃទី៣១.០៧.២០២២ វេលាម៉ោង០៤.០០នាទី កម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ និងកម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ ក៏បានជួបក្រុមជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង ធ្វើសកម្មភាពលួចទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋ នៅចំណុចផ្លូវកៅស៊ូស្ពានទី១៣ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ឃើញដូច្នេះជនសង្ស័យនិងបក្ខពួកបានជិះម៉ូតូគេច ភ្លាមនោះកម្លាំងសមត្ថកិច្ចបានដេញតាមហើយជនសង្ស័យ០១នាក់ បានផ្ដួលម៉ូតូរត់គេច ក្នុងពេលនោះសមត្ថកិច្ចចាប់បានជនសង្ស័យ០១នាក់ ឈ្មោះ ជួន លាងម៉េង រួមនិងវត្ថុតាង ចំណែកជនសង្ស័យចំនួន ០៣នាក់ នឹងម៉ូតូចំនួន០១គ្រឿងទៀត បាននាំគ្នាជិះរត់គេចខ្លួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំជនសង្ស័យ និងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា÷ ខ្លួននិងបក្ខពួកចំនួន០៣ទៀត ពិតជាបានធ្វើសកម្មភាពលួចទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមផ្លូវពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។​ដោយឡែក មុខសញ្ញាដែលរត់គេចខ្លួនកម្លាំងជំនាញពាក់ព័ន្ធ បន្តស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ចាត់ការតាមនីតិវិធី។​ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ