• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៩ ព្រឹក

ក្រសួងទេសចរណ៍ ក្រើនរំលឹកភ្ញៀវទេសចរបង្កើនប្រុងប្រយ័ត្នពេលទៅកម្សាន្ត នារដូវមានជំនន់ទឹកភ្លៀង

ក្រសួងទេសចរណ៍ បានប្រកាសក្រើនរំលឹកបណ្តាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលដើរលេងកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិនិត្យមើលព័ត៌មានការព្យាករណ៍អាកាសធាតុ ការណែនាំអាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយចៃដន្យនាអំឡុងរដូវភ្លៀងឈានចូលមកដល់នេះ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយថា ដោយយោងទៅតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេសចរណ៍បានជូនដំណឹងដល់បណ្តាភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់ដែលដើរកម្សាន្ត តាមគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសគោលដៅទេសចរណ៍ផ្សងព្រេង តំបន់ព្រៃជ្រោះ ជ្រលងដងភ្នំនានាត្រូវបង្កើនប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន ឬអ្នកគ្រប់គ្រង់គោលដៅទេសចរណ៍បានដឹងជាមុន។

អ្នកគ្រប់គ្រងទូកទេសចរណ៍ឈ្មោះ រ៉ាវី នៅរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងអំឡុង ពេលអាកាស ធាតុមានការប្រែប្រួល មានខ្យល់ភ្លៀង គឺភ្នាក់ងារទេសចរណ៍តែងមានការប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពភ្ញៀវ ហើយតែងប្រាប់ភ្ញៀវ និងអ្នកគ្រប់ទូកទេសចរណ៍មិនអាចដឹកភ្ញៀវជិះទស្សនាកម្សាន្ត នៅពេលអាកាសធាតុមិនល្អនោះទេ។ សូមជម្រាបថា តាមតួលេខក្រសួងទេសចរណ៍ ក្រោយបរិបទកូវីដ១៩ បច្ចុប្បន្ននៅរៀងរាល់ចុងសប្តាហ៍ ភ្ញៀវទេសចរជាតិអន្តរជាតិបានចេញដើរកម្សាន្ត ក្នុងចន្លោះពី២០ទៅ៣០ម៉ឺននាក់ ជាពិសេសគោលដៅទេសចរណ៍ទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ សៀមរាប រាជធានីភ្នំពេញ និងកំពត កែបជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ