• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៨ ព្រឹក

សម្តេច​តេជោ ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ជិត៥៣គ.ម

ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយ លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ សម្តេច ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្នាក់ដឹក និងមន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តំណាងក្រុមហ៊ុនសំណង់សៀងហៃ(SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនពាន់នាក់។

ផ្លូវក្រវាត់ក្រុងទី៣ ដែលប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់ រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤(គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១(គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ក្នុងគម្រោងនេះដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។

បន្ថែមពីលើនេះ ក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ខ្សែផ្លូវមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។

ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ គឺជាសមិទ្ធផលថ្មី ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចឱ្យលេចចេញជារូបរាងឡើង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍ បម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋយើង ទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការចម្រើនរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗ សំខាន់ៗ ជាច្រើនតាមរយៈការសម្ពោធរដាក់ឱ្យដំណើរការ និងបើកការដ្ឋាននាពេលកន្លងមក។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ