• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៥ ព្រឹក

ម្ចាស់ភោជនីយដ្ឋានកាន់តែច្រើនប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ បានស្ម័គ្រចិត្តចូលរួមបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់

យ៉ាងហោចណាស់ភោជនីយដ្ឋានចំនួន ៤២ ទីតាំងក្នុងខេត្ត ៣ (ខេត្តមណ្ឌលគិរីចំនួន ៣២ ខេត្តព្រះវិហារចំនួន ៥ និងខេត្តក្រចេះចំនួន ៥) បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់ភ្ញៀវរបស់ខ្លួនឡើយ។ នេះគឺជាផ្នែកមួយនៃលទ្ធផលដែលកើតចេញពីការផ្សព្វផ្សាយអប់រំ និងយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិដែលផ្តួចផ្តើមគំនិតនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថាន និងមានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីអង្គការអន្តរជាតិនានាដែលធ្វើកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានសម្តែងនូវមោទកភាពនិង អបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយឯកឧត្តមបានគូសបញ្ជាក់ថា«ជាការចូលរួមប្រកបដោយគុណតម្លៃនិងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយនិងបង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។

ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់ភោជនីយដ្ឋានចំនួន ៣២ នៅក្នុងខេត្តបានប្រកាសជាភោជនីយដ្ឋានគ្មានការលក់មុខម្ហូបពីសាច់សត្វព្រៃគ្រប់ប្រភេទ ហើយភោជនីយដ្ឋានទាំងនោះបានទទួលបណ្ណសរសើរ និងទទួលស្គាល់ពីក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមសម្តែងនូវការអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋាននៅខេត្តមណ្ឌលគិរីដែលបានចូលរួមថែរក្សាអភិរក្សសត្វព្រៃដោយប្រកាសថានឹងមិនលក់មុខម្ហូបពីសាច់សត្វព្រៃគ្រប់ប្រភេទ និងរាយការណ៍ដល់សមត្ថកិច្ចករណីឃើញមានលក់សត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«នេះជាភាពជោគជ័យមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលបានធ្វើឱ្យ ម្ចាស់ភោជនីយដ្ឋានតាំងចិត្តនិងចូលរួមជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ការបរបាញ់និងជួញដូរសត្វព្រៃខុសច្បាប់»។ ឯកឧត្តមបានថ្លែងថា នេះគឺជាមោទកភាពនៃក្រុមការងារយុទ្ធនាការអន្ទាក់សូន្យដែលមានក្រសួងបរិស្ថានជាអ្នកដឹកនាំមានការចូលរួមពីរដ្ឋបាលខេត្តក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់នៅតំបន់ទេសភាពខ្ពង់រាបខាងកើតរួមមានខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី និងមណ្ឌលគិរី និងអង្គការអន្តរជាតិដៃគូទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI។

ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងខេត្តមណ្ឌលគិរីដែលកំពុងទទួលរៀបចំចម្អិនម្ហូបអាហារសម្រាប់ភ្ញៀវ ទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្តអំពីសកម្មភាពជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃគ្រប់ប្រភេទដូចតទៅ ៖

១.ហាង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុកសាច់សត្វព្រៃសម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ។

២.ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហារដ្ឋានរបស់យើងខ្ញុំ គឺនឹងធ្វើការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬបានឃើញអំពីសកម្មភាពជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាពល្មើសច្បាប់។

៣.ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរ តែមុខម្ហូបដែលចម្អិនពីសាច់មាន់ សាច់គោ សាច់ ជ្រូក ស៊ុត និងប្រភពសាច់ស្រុក ដែលរួមបញ្ចូលនូវបន្លែស្រស់គ្មានជាតិគីមី និងមានអនាម័យ សម្រាប់ភ្ញៀវបរិភោគ ប៉ុណ្ណោះ។

៤.យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការអភិរក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជួយគិតគូរដល់ប្រភពសត្វព្រៃ និងធនធានធម្មជាតិ ជាពិសេសក៏សូមដាស់ តឿនដល់បណ្តាភោ ជនីយដ្ឋាន និងរមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរទាំងអស់ សូមបញ្ឈប់ និងកុំទទួលទានសាច់ សត្វព ហើយងាកមកទទួលទានតែប្រភពសាច់ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ យើង និងរួមចំណែកការពារ និងអភិរក្សពូជសត្វព្រៃសំខាន់ៗដែលមាននៅសល់បច្ចុប្បន្ន។

លោក លឹម សេរីគុត ម្ចាស់ភោជនីយដ្ឋានភ្នំត្បែង នៅខេត្តព្រះវិហារ ដែលជាភោជនីយដ្ឋានទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថានប្រកាសថាមិនលក់មុខម្ហូបពីសាច់សត្វព្រៃ បានថ្លែងថាម្ហូបឆ្ងាញ់និងសេវាកម្មល្អគឺជាការទាក់ទាញភ្ញៀវឱ្យចូលពិសាអាហារមិនមែនមានម្ហូបធ្វើពីសាច់សត្វព្រៃទេ ព្រោះសត្វព្រៃមានតម្លៃលើសពីម្ហូបនៅក្នុងចាន។

លោកបានថ្លែងថា ៖«ពលរដ្ឋមួយចំនួនមកពីបណ្តាខេត្តផ្សេងនិងពីភ្នំពេញខ្លះបានសួររកមុខម្ហូបធ្វើពីសាច់សត្វព្រៃព្រោះយល់ថាខេត្តដែលមានព្រៃឈើនិងសម្បូណ៌សត្វព្រៃ ងាយនឹងមានលក់សាច់សត្វព្រៃដើម្បីធ្បើមុខម្ហូបឱ្យគាត់ហូប។

គឺមានការសួរនាំដូច្នេះ។ ប៉ុន្តែខ្ញុំបានប្រាប់ថាភោជនីយដ្ឋានយើងខ្ញុំមិនមានលក់សាច់សត្វព្រៃទេ»។

លោក លឹម សេរីគុត បានថ្លែងថាកាលដែលភោជនីយដ្ឋានរបស់លោកមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ដោយសារថា បើលក់មុខម្ហូបពីសាច់សត្វព្រៃគឺប្រៀបាបននឹងចូលរួមលើកទឹកចិត្តការដាក់អន្ទាក់ ការបរបាញ់សត្វព្រៃ។ សត្វព្រៃនេះមានតម្លៃសម្រាប់បរិស្ថាន និងសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។ លោកបន្តថាបហរសិនបើសត្វព្រៃរបស់យើងសម្បូណ៌ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងអាចផ្តល់ចំណូលដល់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាស្នាក់នៅនិងសេវាអាហារជាដើម។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាននៅក្នុងខេត្តផ្សេងទៀតដែលមានតំបន់ការពារធម្មជាតិចូលរួមឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រសិទ្ធភាពនៃការការពារនិងអភិរក្សសត្វព្រៃ។ ឯកឧត្តមបានថ្លែងថា ប្រសិនបើគ្មានតម្រូវការក៏គ្មានការផ្គត់ផ្គង់ដែរ។ ដូច្នេះដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ សូមបងប្អូនដែលនិយមពិសាសាច់សត្វព្រៃបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថាសត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថ តែផ្ទុយមកវិញវាអាចបង្កហានីភ័យខ្ពស់ចំពោះសុខភាពរបស់បងប្អូន ព្រោះសាច់សត្វព្រៃគ្មានការពិនិត្យត្រឹមត្រូវនិងបង្កប់ដោយមេរោគសាហាវៗដែលអាចសម្លាប់ជីវីតយើង និងបង្កជាមេរោគចម្លងផ្សេងៗទៀត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ