• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៩ ព្រឹក

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ មេដឹកនាំកំពូលៗចំនួន៣ប្រទេស ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្រ្តីវៀតណាម, នាយករដ្ឋមន្រ្តីឡាវ ក៏ដូចជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ចិន ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរក្នុងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ តាមរយៈបណ្តាញ Twitter ផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។ ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ញើសារលិខិតមកជូនពរខ្ញុំក៏ដូចជាគណបក្សប្រជាជន សម្រាប់ជោគជ័យនៃការបោះឆ្នោត។ សូមជំរាបថា លទ្ធផលបឋមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ខណៈអ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ