• ច័ន្ទ ២៩ មេសា ២០២៤ ១២:២១ ល្ងាច

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមរំពឹងសម្រេចបាន១២ពាន់លានដុល្លារនៅឆ្នាំ២០២២

ភ្នំពេញ៖ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាមសម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១និងរំពឹងថានៅឆ្នាំ២០២២នេះនឹងសម្រេចបាន១២ពាន់លានដុល្លារ។នេះបើតាមការបញ្ជាក់របស់លោកដុវ៉ាន់ចៀន( Do Van Chien)លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនៅក្នុងការពិភាក្សាការងារជាមួយសម្តេចហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២នៅវិមានរដ្ឋសភា។លោកដុវ៉ាន់ចៀនបានលើកឡើងថាទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមសម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១និងសង្ឃឹមថានៅឆ្នាំ២០២២នេះនឹងសម្រេចបាន១២ពាន់លានដុល្លារ។លោកបានបន្តថាគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទាំង២ដែលមានការរីកចម្រើនជាលំដាប់ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាល
ជំងឺកូវីដ-១៩ជាសកលនេះយ៉ាងណាក្តី។សម្តេចហេងសំរិនបានគូសបញ្ជាក់ថាទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាមត្រូវបានថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់រួមគ្នាពូនជ្រុំនិងកសាងជាបន្តបន្ទាប់ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។ទន្ទឹមនេះនៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះប្រទេសទាំង២សម្រេចបាននូវសមិទ្ធផលជាច្រើនដែលកើតចេញពីចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សរដ្ឋនិងរដ្ឋាភិបាលប្រទេសទាំង២កម្ពុជា-វៀតណាម។
សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំសងខាងមានជាអាទិ៍ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឲ្យកត់សម្គាល់ហើយថ្មីៗនេះប្រទេសទាំង២បានសហការគ្នាយ៉ាងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ដោយបើកប្រទេសឡើងវិញនិងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចនិងទេសចរណ៍ឡើងវិញផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ