• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៦ ព្រឹក

កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្មទ្វេភាគីជិត ២៦០លានដុល្លារ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណជាង ២៥៨ លានដុល្លារ ដែលចំនួននេះ ធៀបនឹងឆ្នាំ ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាម របាយ ការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល ៦ខែ ពោលគឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០២៣ ការនាំចេញ របស់កម្ពុជា ទៅអូស្រ្តាលី មានតម្លៃជាង ១៨០លានដុល្លារ និងការនាំចូលមកវិញ មានចំនួនជាង ៧៧លានដុល្លារ អាមេរិក។ ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា

អូស្រ្តាលីមានតម្រូវការលើផលិតផល ច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង ចំណិត ចេក ក្រៀម ដែលបានសិក្សាដោយកម្មវិធី ចង្វាក់ តម្លៃ កសិកម្ម កម្ពុជា-អូស្ដ្រាលី (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។ ហើយអូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ។ នាឱកាសចុះទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងបានជួបពាណិជ្ជករអូស្ត្រាលី ផងនោះ អ្នកឧកញ៉ា លឹម ហេង រំពឹងថា ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពល្អប្រសើរឡើង ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន គូសបញ្ជាក់ថា កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈ កិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធ ភាព បន្ទាប់ពីកិច្ចព្រម ព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១ឆ្នាំមកនេះ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី បានកើនឡើងជាលំដាប់ ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះជាការលើកឡើង របស់លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ