• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១២ ព្រឹក

អំឡុងពេលបោះឆ្នោតរថយន្តក្រុង៣៥០គ្រឿង និងចំណត១០ទីតាំងត្រូវបានរៀបចំដឹកកម្មករ និងពលរដ្ឋ

រថយន្តក្រុងចំនួន ៣៥០គ្រឿង និងចំណតចំនួន ១០ទីតាំងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកតាមបណ្ដាខេត្ត រយៈពេល៣ថ្ងៃក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងប្រមាណ ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្តក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការងារខាងលើនេះ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឱ្យការងារនេះទទួលបានជោគជ័យទៅតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងបានបែងចែកជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារឱ្យបានល្អ ជាមួយនិងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ។ ត្រូវដឹកជញ្ជូនដោយមិនមានការរើសអើង ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ជាមួយនិងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យយបានល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ