• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៨ ព្រឹក

ប្រធាន គ.ជ.ប៖ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការបោះឆ្នោតថ្ងៃទី២៣កក្កដានេះ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោត សម្រេចបានជោគជ័យ។ ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហឺរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែក កិច្ចការនយោបាយ និងការទូត របស់ អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានមតិស្វាគមន៍ចំពោះ គណៈប្រតិភូដែលបានអញ្ជើញមកដល់ទីស្ដីការ គ.ជ.ប និងដើម្បីពិភាក្សាការងារបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តម ដេស៊ីរ៉ នីយ៉ារូហឺរីរ៉ា បានថ្លែងអំណរ គុណដល់ ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មាន ការមមាញឹក រៀបចំការបោះឆ្នោត។ ឯកឧត្តមគណៈប្រតិភូបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា

ជាសមាជិក អង្គការ OIF ដ៏សំខាន់មួយដែរ ហើយ វត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយ OIF ឱ្យកាន់តែរឹងមាំ។ ឯកឧត្ដមប្រតិភូបន្តថាបេសកកម្មរបស់បតិភូ OIF នាពេលនេះគឺមាន បំណងជួបជា មួយស្ថាប័ន រៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ នៅពេលបញ្ចប់បេសកកម្មគណៈប្រតិភូ OIF នឹងចេញជារបាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោតមានទាំង ការផ្តល់ អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាត ដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនគណៈប្រតិភូ OIF អំពីប្រវត្តិនៃការ បោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការ បោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការ សហប្រជាជាតិ ប្រចាំ នៅកម្ពុជា ហៅកាត់ថា "UNTAC”។ បន្ទាប់មកបានអនុម័តរដ្ឋធម្មនុញ្ញមួយសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ហើយ សភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិរួចក៏បានបង្កើតរដ្ឋាភិបាលស្របច្បាប់ និងបង្កើតច្បាប់ជាច្រើនជាបន្តបន្ទាប់ ដើម្បីដំណើរការនិងគ្រប់គ្រងប្រទេសកម្ពុជា។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនថាការបោះឆ្នោតត្រូវធ្វើ តាម ប្រព័ន្ធ សមាមាត្រដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោត។ អាសនៈក្នុងរដ្ឋសភាមានចំនួន ១២៥ រីឯមណ្ឌល បោះឆ្នោត មានចំនួន ១២៥ នៅតាមរាជធានី ខេត្ត។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លើយតបសំណួររបស់គណៈប្រតិភូ និងបានបន្ត ទៀតថា មកទល់ពេលនេះ គ.ជ.ប បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការ បោះឆ្នោតសម្រេចបានជោគជ័យ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ