• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១២ ព្រឹក

ពន្ធដាររកចំណូលពន្ធពី«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»ជាង៣៩លានដុល្លារក្នុងឆមាសទី១

ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងខែមិថុនា ឆ្នាំ២០២៣ ទទួលបាន ២៧,៥៥ ប៊ីលានរៀល (ប្រមាណជា ៦,៨០ លានដុល្លារ) និង សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣ ទទួលបាន ១៥៩,២១ ប៊ីលានរៀល (ប្រមាណជា ៣៩,៣១ លានដុល្លារ)។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។ បើតាមរបាយការណ៍ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធបានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៩៥,០១ ប៊ីលានរៀល (ប្រមាណជា ២៤៥,៦៨លានដុល្លារ) ស្មើនឹង ៦,៨៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ៦ខែឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៨ ៣៩៣,១៧ ប៊ីលានរៀល (ប្រមាណជា ២ ០៧២,៣៩ លានដុល្លារ)ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល បានអះអាងថា ចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ (ថយចុះ១២,៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣%។ ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩,០៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ចំពោះវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្ដែងតាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញនិងឧបករណ៍វាស់ចំណុះស្រាបៀរនិងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះនិងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងដោយស្មើភាពសម្រាប់វិស័យនេះ(E-Commerce)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ