• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៧ ព្រឹក

ប៊ីចេងក្លែងក្លាយ (សញ្ញារូបវែក)​ ចំនួនប្រមាណជាង១៨តោន ត្រូវបានដុតកម្ទេចចោល

ខេត្តសៀមរាប៖ ប៊ីចេងក្លែងក្លាយ (សញ្ញារូបវែក) ចំនួនប្រមាណជាង១៨តោន ដែលសមត្ថកិច្ចគណៈកម្មាធិការបានចុះបង្ក្រាប និងរឹបអូសរក្សាទុកកាលពីថ្ងៃទីឆ្នាំ២០១៩ ដោយមានគោលការណ៍អនុញាតពី សម្តេចក្រទ្បាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការ​ ​និងជាប្រធានគណៈកម្មាធិការ បានចាត់តាំងក្រុមការងារជំនាញរបស់គណៈកម្មាធិការ ចុះទៅរៀបចំធ្វើការកម្ទេចស្ថិតនៅទីលានចាក់សំរាម ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ដោយបានសហការរៀបចំជាមួយអាជ្ញាធមូលដ្ឋានខេត្តសៀមរាប​ និងមានការចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប តំណាងស្នងការ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តំណាងមន្ទីរពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋានស្រុកប្រាសាទបាគងជាច្រើនរូប ។
ពិធីកម្ទេចនេះធ្វើទ្បើង ដោយអនុវត្តតាមសាលក្រមព្រហ្មទណ្ឌលេខ ១៧២ ឆ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ និងមានការផ្ទន្ទាទោសលើជនជាប់ចោទ០២នាក់ ដាក់ពន្ធនាគារកំណត់១ឆ្នាំ ។
គូរបញ្ជាក់ផងដែរ​ថា សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយប៊ីចេងក្លែងក្លាយចំនួនជាង១៨តោន កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និងបានបញ្ជូនទាំងជនល្មើស និងវត្ថុតាងទៅតុលាការ រហូតដល់បានសម្រេចធ្វើការកម្ទេចចោលនាពេលនេះ ៕ ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ