• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៤ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយាន្ដយន្ដគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ នៅក្បែរសួនច្បារស្ថានទូតបារាំង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ «រូបពីរ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ