• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៦ ល្ងាច

ដំណើរទស្សនកិច្ចសិក្សា របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៥០នាក់នៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប មាន៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មាន៖ តំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ នងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។

លោកបានបន្តទៀតថា បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនអំពីមូលដ្ឋានគ្រឹះទូទៅ សិស្សានុសិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែម អំពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅ សម្រាប់ចូលរួមបន្តថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន។ ជាក់ស្តែង ការចុះមកធ្វើទស្សនកិច្ចសិក្សារបស់ប្អូនៗ ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យចំនួន៣ខាងលើ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះយើងចង់ឱ្យសិស្សានុសិស្ស ស្វែងយល់ពីវិស័យវិទ្យាសាស្រ្តផ្សេងៗ ប្រើប្រាស់ក្នុងការស្រាវជ្រាវបុរាណវិទ្យា

និងការងារអភិរក្សបេតិភណ្ឌទៅថ្ងៃខាងមុខកាន់តែមានភាពល្អប្រសើរ។ សូមបញ្ជាក់ថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក បាន ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយ នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ )មានរយៈពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនិងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តសម័យក្រោយអង្គរ ដោយការធ្វើកំណាយផ្តោតសំខាន់ អំពីទួលមនុស្សរស់នៅបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល និងសង្គម និងសកម្មភាពសេដ្ឋកិច្ចនានា ក្នុងតំបន់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ