សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ១០៨ខ្នង និងសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឌ នៅស្រុកបន្ទាយស្រី
ផ្ទះចំនួន ១០៨ខ្នង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋជួបផលលំបាក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងវត្តមាន អ្នកមុខអ្នកការ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសប្បុរសជន មកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ផ្ទះទាំង ១០៨ខ្នងនេះ បានមកពីការខិតខំប្រឹងប្រែងចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន បានរួមសាមគ្គីគ្នា ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជួបផលលំបាកកន្លងមក គណ:បក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ដល់បងប្អូនជានិច្ចជាកាល។ ផ្តើមចេញពីសុខសន្តិភាពទើបមានថ្ងៃនេះ ជាពិសេស គឺតាមរយៈគោលនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាល
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិបានគួរកត់សម្គាល់។ សម្តេចពិជ័យសេនា ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពល រដ្ឋ អំពីសុខទុក្ខរបស់បងប្អូនទាំងអស់ ដែលបានបន្ដការគាំទ្រគណបក្ស
ប្រជាជនកម្ពុជា
ដើម្បីបន្តដឹកនាំឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋទៅបោះឆ្នោត គាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះថា នៅគ្រប់កាលៈទេសៈណាក៏ដោយ មានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់រូប សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕