• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៦ ព្រឹក

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះសភាពការណ៍ចល័តកងទ័ព ដើម្បីបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅក្នុងទឹកដីកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋរកុំមានការព្រួយបារម្ភ និងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើង នៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹង ការដែលយើងមានលទ្ធភាពអាចបាញ់ទម្លាក់នូវយន្កហោះគ្មានមនុស្សបើក(ដ្រូន) ដែលជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ក្នុងសារជាសំឡេងជូនរួមជាតិនាល្ងាចថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីការចេញបញ្ជាកាលីថ្ងៃមិញ កម្លាំងបន្ថែមសម្រាប់ម្រើឱ្យការបាញ់កម្ទេចដ្រូន ដែលហៅថាគ្មានមនុស្សបើក បានធ្វើដំណើរចេញរួចស្រេចទៅហើយ។ សម្ដេចតេជោបានអំពាវនាវ ដល់បងប្អូននៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី និងទីកន្លែងដែលកងទ័ពរបស់យើងបានឆ្លងកាត់ កុំមានការភ័យព្រួយអំពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធ ដែលចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តរតនគិរី ឬមណ្ឌលគិរី និងទៅតាមខេត្តក្រចេះ ត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ ដើម្បីជួយទៅដល់យោធភូមិភាគទី១។ ដោយសារតែការបំពានជាបន្តបន្ទាប់ ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាតើចេញពីទីកន្លែងណា។ ដូច្នេះយើងមានការចាំបាច់ ដើម្បីការពារនូវអធិបតេយ្យជាតិរបស់យើង ដែលសម្ដេចតេជោចាត់ទុកថា នេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាបន្ថែម ឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំងទាំងអស់ ដើម្បីរុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ មិនមែនត្រឹមតែដើម្បីពួនស្ទាក់ សម្រាប់ការកម្ទេចនូវយន្តហោះគ្មានមនុស្សបើក ដែលហៅថដ្រូននោះទេ ក៏ប៉ុន្តែយើងក៏ត្រូវរុករកនូវកម្លាំងដែលលាក់ពួន រត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ សម្ដេចតេជោគូសបញ្ជាក់ថា យើងក៏អំពានាវផងដែរ ចំពោះប្រទេសទាំងឡាយ ដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលមានចរឹតជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យ អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវឱ្យបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មាន ចំពោះអ្នកដែលដើរលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ដ្រូននេះច្បាស់ណាស់ថា កំពុងស្វែងរកទំនាក់ទំនងនៃក្រុមបាក់ទ័ពដែលរត់ចេញពីប្រទសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរបស់យើង ផ្ដល់នូវកិច្ចសហការតាមរយៈការផ្ដល់ព័ត៌មាន សម្រាប់កងទ័ពរបស់យើង ផ្នែកខាងក្រោម។ ឯផ្នែកខាងលើ និយាយរួមយើងមានអាវុធច្រើនប្រភេទ ដើម្បីកម្ទេចនូវយន្តហោះដែលគ្មានមនុស្សបើក ហើយដែលប៉ុន្មានយប់កន្លងទៅនេះ តែងមកបំពានលើអធិតេយ្យរបស់យើង ដែលសម្ដេចចាត់ទុកថា ជាអំពើភេរវកម្ម។ សារជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវចំពោះប្រទេសជិតខាងរបស់យើង ដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ ដ្រូន ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ។

សូមគោរពអធិបតេយ្យរបស់យើងៗ ចង់មានសេចក្ដីសុខ ហើយគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខ និងឯករាជ្យ អធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភ និងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើង នៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលយើងមានលទ្ធភាពអាចបាញ់ទម្លាក់ នូវយន្កហោះគ្មានមនុស្សបើក នៅក្នុងទឹកដីកម្ពុជា។ សម្តេចតេជោជឿជាក់ថា រាជរដ្ឋាភិបាល អាចនឹងគ្រប់គ្រងសភាពការណ៍ទាំងអស់នេះ ដោយមានកិច្ចសហការពីខាងភាគីវៀតណាម ដែលជាជនរងគ្រោះដោយសាអំពើភេរវកម្ម ក្នុងរយៈកាលកន្លងទៅនេះ។ សម្ដេចតេជោនាករដ្ឋមន្ត្រី បានស្នើឱ្យកម្លាំងទាំងអស់ធ្វើសកម្មភាពដោយហ្មត់ចត់ រុករកខាងក្រោម បន្ថែមទៅដោយការត្រៀមបម្រុងបាញ់កម្ទេច នូវយន្តហោះគ្មានមនុស្សបើក ពីខាងលើ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ