• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥០ ព្រឹក

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញ ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចការស្ថាបនាបានជាង ៣១% គ្រោងនឹងបង្កើនចំនួនក្រុមការងារ សំដៅពន្លឿនការអនុវត្ត

កោះកុង៖ ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។ បេសកកម្មនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាថា ក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមទីតាំងមួយចំនួន ដើម្បីបង្ហាញជូនគណៈប្រតិភូផងដែរ។

លទ្ធផលនៃការធ្វើតេស្តមានភាពល្អប្រសើរ ស្របតាមបទដ្ឋានដែលបានកំណត់ ដែលនេះបញ្ជាក់ឱ្យឃើញពីភាពម៉ត់ចត់ត្រឹមត្រូវ ក្នុងការអនុវត្តការងារកន្លងមក។ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៣១,១% ហើយ។ តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និង កត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។

ជាការឆ្លើយតបទៅលើភាពយឺតយ៉ាវ ក្រុមហ៊ុនអនុវត្តការសាងសង់ បានដាក់ចេញនូវផែនការសកម្មភាពអាទិភាពធំៗ ចំនួន ០៣ ក្នុងនោះរួមមាន៖ (១) បង្កើនចំនួនក្រុមការងារពី ០៣ ទៅ ០៨ (២) ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា ក្រុមការងារត្រូវបង្វែរកម្លាំងទៅផ្តោតលើការសាងសង់គ្រឿងបង្គុំស្ពានជំនួសវិញ និង (៣) ស្តុកទុកនូវសម្ភារចំបាច់ ក្នុងការចាក់ក្រាលស្រទាប់កៅស៊ូឱ្យបានរួចរាល់ ត្រៀមសម្រាប់រដូវប្រាំង ដែលមកដល់នាពេលខាងមុខ ដោយសារការងារនេះមានទំហំ ស្មើរនឹង៣០%នៃការងារសរុប។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានចុះពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ។ បន្ថែមពីនេះ គម្រោងស្ថាបនាស្ពានកោះកុងថ្មី អមស្ពានចាស់ ឬ រុះរើស្ពានចាស់ ហើយសង់ថ្មីតែម្តង ដែលមានប្រវែងប្រមាណ ១៩០០ម ក៏ត្រូវបានពិនិត្យលទ្ធភាពផងដែរ។

គម្រោងទាំងពីរនេះ រំពឹងថានឹងចូលរួមជម្រុញការតភ្ជាប់ សម្រួលការដឹកជញ្ជូន និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើម នៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារអាមេរិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ