• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៦ ល្ងាច

អបអរសាទរ! អាជ្ញាធរមីន ប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងខេត្តពោធិ៍សាត់ ជាក្រុងស្រុកអស់មីន

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣អាជ្ញាធរមីន បានរៀបចំពិធីអបអរសាទរការប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ជាក្រុងស្រុកអស់មីន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រកាសនេះ មានកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងមានការចូលរួមពីតំណាងរាស្រ្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

អាជ្ញាធរមីនបានបញ្ជាក់ថាខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ ១៩៩៣ គ្រាប់មីនប្រឆាំងមនុស្សចំនួន ៨៨.៧២៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤១៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៧៩.៣៨៦ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជា ៥៤.៩១៤.១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ ចម្ការមីន/គ្រាប់ ដោយប្រតិបត្តិករចំនួន ៥ រួមមាន៖ ស៊ីម៉ាក់ កងកម្លាំងរក្សាសន្តិភាព Halo Trust, MAG និងអង្គការដោះមីនកម្ពុជា (CSHD)។

ក្នុងនោះ ផ្ទៃដីមានមីន/គ្រាប់នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែលត្រូវប្រកាសអស់មីន ចំនួន ៨.៦៨៩.១៦៥ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣.៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៥៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៣.៣៦៦ គ្រាប់។ ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹង ក្នុងក្រុងស្រុកចំនួន ៤ និងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុកចំនួន ០៣ ទៀត កំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមមាន ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០.០៤៩.៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីននិងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត

ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃ ដោយអាជ្ញាធរមីន។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​ អាជ្ញាធរ​មីន​ បានអំណរគុណជូនចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ