• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៥ ល្ងាច

ឃាត់ខ្លួនអ្នកលេងកាំបិតផ្គាក់13នាក់ពាក់ ព័ន្ធកាប់បំផ្លាញទ្រពសម្បត្តិអ្នកដទៃ

ភ្នំពេញ÷តាមការបញ្ជាក់ពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅរសៀលថ្ងៃទី 21 ខែមិថុនាឆ្នាំ 2023 នេះបានឲ្យដឹងថាអ្នកលេងកាំបិតផ្គាក់ចំនួន13 នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថជំនាញចុះទៅអន្តរាគមន៍ចាប់ឃាត់ខ្លួននិងវាយខ្នោះដៃបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរនិងចាត់វិធានការតាមនីតិវិធីច្បាប់ក្រោយកាប់បំផ្លាញម៉ូតូ1គ្រឿងព្រោះចំណាំសត្រូវខុស។ ប្រភពដដែលបន្តថាកាលពីវេលាម៉ោង 18:00 និង 00 នាទីថ្ងៃទី18ខែមិថុនាឆ្នាំ 2023 នៅចំណុចផ្លូវបេតុងភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យមានក្មេងស្ទាវមួយក្រុមប្រហែល 20 នាក់ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃបានចូលកាប់បំផ្លាញម៉ូតូ1គ្រឿងក្នុងផ្ទះគ្រួសាររងគ្រោះមួយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋរហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធខណ្ឌពោធិ៍សែនជ័យធ្វើការចុះអន្តរាគមន៍បង្ក្រាបជាក់ស្តែងភ្លាមៗដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន 13នាក់និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន 4ដើមផងដែរ។

ក្រោយពេលស្ដាប់ចម្លើយក្រុមក្មេងទំនើងទាំង 13 នាក់បានសារភាពឲ្យដឹងដូចគ្នាថា÷ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សាចូលកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀតហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះស្មានថាជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួនក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។ បច្ចុប្បន្នក្រុមជនក្មេងទំនើងទាំង13 នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយារល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកង រាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ