• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៧ ព្រឹក

ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូសាធារណៈរដ្ឋប្រជាមានិតកូរ៉េ ដឹកនាំដោយវីរសេនីយ៍ឯក Pak Suman ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីន CMAC នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូសាធារណៈរដ្ឋប្រជាមានិតកូរ៉េ ដឹកនាំដោយវីរសេនីយ៍ឯក Pak Suman សេនានុព័ន្ធយោធាប្រចាំប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន CMAC ភ្នំពេញ គោលបំណងសំខាន់នៃជំនួបនេះគឺដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីនរបស់អង្គភាព CMAC ដែលជាប្រតិបត្តិករជាតិឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនាបានជម្រាបជូនវីរសេនីយ៍ឯក Pak Suman អំពីប្រវត្តិនៃការបង្កើតអង្គភាព តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន សកម្មភាពស្នូលរបស់អង្គភាព កម្លាំងប្រតិបត្តិការ និងកងឯកភាពប្រចាំតំបន់ទាំង៧ របស់អង្គភាព CMAC ផងដែរ។

ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ជូនដល់គណៈប្រតិភូសាធារណៈរដ្ឋប្រជាមានិតកូរ៉េ ពីការសហការយ៉ាងជិតស្និតជាមួយនឹងរដ្ឋាភិបាលកម្ពុជា លើវិស័យសម្អាតមីនផងដែរ រួមមានការផ្តល់ការហ្វឹកហ្វឺនដល់នគរបាល កងទ័ពផងដែរ។ ឯកឧត្តមក៏បានជម្រាប់ជូនដល់គណៈប្រតិភូសាធារណៈរដ្ឋប្រជាមានិតកូរ៉េ អំពីសមិទ្ធផលដែលសម្រេចបានកន្លងមក្នុងរយៈពេល៣០ និងយុទ្ធសាស្ត្របន្តទៅមុខទៀតក្រោយឆ្នាំ២០២៥ បើទោះបីជាប្រទេសកម្ពុជានឹងបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥។ ក្នុងជំនួបនោះភាគីទាំង២ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន ដែលអាចនឹងមានលទ្ធភាពកើតឡើងនៅពេលខាងមុខ បើទោះបីបច្ចុប្បន្ននេះ នៅមិនទាន់មានការសហការគ្នាលើវិស័យបោសសម្អាតមីនជាមួយនឹងប្រទេសកូរ៉ក៏ដោយ។

ជាការឆ្លើយតបឯកឧត្តម ឯកឧត្តម Pak Suman ក៏បានកោតសរសើរពីសមិទ្ធផល ដែលសម្រេចបានដោយអង្គភាព CMACកន្លងមក ក៏ដូចជាការកោតសរសើរពីស្ថាប័នបោសសម្អាតមីនជាតិមួយនេះ ដែលមានរចនាសម្ព័ន្ធស្នូលជាច្រើន រួមមានផ្នែកទិន្នន័យ ផែ្នកប្រតិបត្តិការ ផ្នែកអន្តរជាតិ គ្រប់គ្រងគម្រោង ជាដើម។ល។ ហើយអ្វីកាន់តែពិសេសនោះ គឺបានដឹងថា អង្គភាព ស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនអន្តរជាតិលើវិស័យសកម្មភាពមីន ដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម និងមានវិទ្យាស្ថានហ្វឹកហ្វឺនផ្ទាល់ខ្លួនថែមទៀតផង។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ